ធានារ៉ាប់រងសុខភាព កាន់តែលើកកម្ពស់តួនាទីជាស្នូលក្នុងការថែទាំសុខភាពជូនបងប្អូនប្រជាជន ជាពិសេសចំពោះបងប្អូនជនជាតិភាគតិចនៅខេត្ត Cà Mau។ មិនត្រឹមតែជួយប្រជាជនកាត់បន្ថយបន្ទុកចំណាយលើការពិនិត្យ និងព្យាបាលជំងឺប៉ុណ្ណោះទេ គោលនយោបាយនេះថែមទាំងបង្កលក្ឋណៈដើម្បីលើកកម្ពស់គុណភាពរស់នៅទៀតផង។ ទន្ទឹមនឹងនោះក៏ពង្រឹងទំនុកចិត្តលើការយកចិត្តទុកដាក់ និងការថែទាំរបស់បក្ស និងរដ្ឋផងដែរ។
គោលនយោបាយនៃមនុស្សធម៌
បច្ចុប្បន្ន ទូទាំងខេត្តមាន ៦១/៦៤ ឃុំ សង្កាត់ ដែលបានទទួលស្គាល់ជាឃុំ សង្កាត់តំបន់សុវត្ថិភាព។ បន្ទាប់ពីបានទទួលស្គាល់ សិទ្ធិទទួលធានារ៉ាប់រងសុខភាពរបស់បងប្អូនជនរួមជាតិភាគតិច ជាមូលដ្ឋាននៅតែត្រូវបានរក្សាដដែល។ យោងតាមច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពដែលបានកែសម្រួល និងបំពេញបន្ថែមនៅឆ្នាំ ២០២៤ មុខសញ្ញាដូចជា៖ គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រជាជនជាតិភាគតិចនៅតាមតំបន់ជួបលំបាកខ្លាំងឬរស់នៅតាមឃុំ កោះ នៅតែត្រូវបានទទួលការឧបត្ថម្ភចំណាយលើការពិនិត្យ និងព្យាបាលជំងឺ ១០០%។
ប្រជាជនពិនិត្យជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត Cà Mau។
លោក Lê Hùng Cường នាយករងធានារ៉ាប់រងសង្គមខេត្ត Cà Mau បានអះអាងថា៖ “ការទទួលស្គាល់តំបន់សុវត្ថិភាព គឺប្រព្រឹត្តទៅជាក្រោយ ខណៈពេលដែលសិទ្ធិទទួលបានធានារ៉ាប់រងសុខភាពត្រូវបានធានាក្នុងកម្រិតខ្ពស់រួចជាស្រេច ដូច្នេះមិនចាំបាច់ផ្ទេរក្រុមមុខសញ្ញានោះទេ។ អ្វីដែលសំខាន់គឺប្រជាជននៅតែទទួលបានផលប្រយោជន៍ពេញលេញពីគោលនយោបាយ ដោយមិនមានការអាក់ខាន ឬថយចុះនូវសិទ្ធិទទួលបាននោះឡើយ”។
មិនត្រឹមតែជាគោលនយោបាយឧបត្ថម្ភផ្នែកខាងហិរញ្ញវត្ថុប៉ុណ្ណោះទេ ធានារ៉ាប់រងសុខភាពថែមទាំងមានអត្ថន័យមនុស្សធម៌យ៉ាងជ្រាលជ្រៅទៀតផង។ សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើន ការបង់ថ្លៃសេវាពិនិត្យព្យាបាលជំងឺគឺជាបន្ទុកដ៏ធំមួយផងដែរ។ ហេតុដូច្នេះហើយ ធានារ៉ាប់រងសុខភាពត្រូវបានប្រៀបប្រដូចទៅនឹង “របាំងការពារ និងជាពោងសង្គ្រោះជីវិត” ជួយឱ្យប្រជាជនមានភាពកក់ក្តៅក្នុងពេលមានជំងឺដង្កាត់។ តាមរយៈធានារ៉ាប់រងសុខភាព មនុស្សជាច្រើនបានម្ចាស់ការទៅកាន់មូលដ្ឋានសុខាភិបាលដើម្បីពិនិត្យ និងព្យាបាលទាន់ពេលវេលា រួមចំណែកលើកកម្ពស់គុណភាពថែទាំសុខភាពសហគមន៍ និងអនុវត្តសមធម៌ក្នុងការទទួលបានសេវាសុខាភិបាល។
បើកទូលាយការទទួលបានសេវាសុខាភិបាល លើកកម្ពស់គុណភាពរស់នៅ
លោក Huỳnh Công Thiệu ប្រធានការិយាល័យជនជាតិ នៃមន្ទីរជនជាតិ និងសាសនាខេត្ត Cà Mau បានឱ្យដឹង ដំណាក់កាល ២០២៦-២០៣០ ទូទាំងខេត្តមាន ១៦៣ ភូមិ អនុសង្កាត់ និងតំបន់ជនរួមជាតិភាគតិច ក្នុងនោះមាន ៩១ ភូមិ អនុសង្កាត់ជួបការលំបាកពិសេស។ ទូទាំងខេត្តមាន ២៩ សមាសភាពជនជាតិ ក្នុងនោះបងប្អូន Khmer មានចំនួនច្រើនជាងគេបង្អស់។
អាស្រ័យការយកចិត្តទុកដាក់វិនិយោគរបស់បក្ស និងរដ្ឋ តាមរយៈបណ្តាកម្មវិធីគោលនយោបាយជនជាតិ ជាពិសេសគឺកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមតំបន់ជនជាតិភាគតិច ជីវភាពរស់នៅរបស់បងប្អូនប្រជាជនក៏បានកែលម្អផងដែរ។ ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានទទួលបានការវិនិយោគត្រឹមត្រូវ ទម្រង់នៃការរកស៊ីចិញ្ចឹមជីវិតក៏ទទួលបានការឧបត្ថម្ភសមហេតុផល ជួយឱ្យគ្រួសារជាច្រើនមានលក្ខណៈឈានឡើងជីវភាពនឹងនរល្អ។
ទោះជាយ៉ាងណាក៏ដោយ ជាក់ស្តែងនៅមានផ្នែកមួយនៃបងប្អូនជនជាតិដែលនៅជួបការលំបាក។ លទ្ធផលនៃការត្រួតពិនិត្យនៅចុងឆ្នាំ ២០២៥ បានបង្ហាញឱ្យឃើញថា ទូទាំងខេត្តនៅមានគ្រួសារក្រ និងគ្រួសារប្រកៀកបន្ទាត់ក្ររាប់រយគ្រួសារ ក្នុងនោះមានគ្រួសារបងប្អូនជនជាតិភាគតិចផងដែរ។ ហេតុដូច្នេះហើយ ធានារ៉ាប់រងសុខភាពកាន់តែមានសារៈសំខាន់ និងមានន័យជាក់ស្តែង ជួយឱ្យប្រជាជនម្ចាស់ការក្នុងការថែទាំសុខភាព ទៅពិនិត្យសុខភាពតាមកាលកំណត់ អាចស្វែងរកឃើញ និងព្យាបាលជំងឺបានទាន់ពេលវេលា ទន្ទឹមនឹងនោះកាត់បន្ថយហានិភ័យនៃការធ្លាក់ចូលក្នុងភាពក្រីក្រវិញដោយសារជំងឺដង្កាត់ផ្សេងៗជាដើម។
លោក Trần Được នៅអនុសង្កាត់ Biển Đông A សង្កាត់ Hiệp Thành បានចែករំលែកថា៖ “កាលពីមុន រាល់ពេលឈឺថ្កាត់ម្តងៗ គឺខ្ញុំបារម្ភខ្លាំងណាស់ដោយសារគ្មានប្រាក់សម្រាប់បង់ថ្លៃសេវា។ ឥឡូវមានធានារ៉ាប់រងសុខភាព ការទៅពិនិត្យជំងឺមានភាពធូរស្រាលជាងមុនណាស់ដែរ ចំណាយក៏ថយចុះច្រើន គ្រួសារក៏មានភាពកក់ក្តៅក្នុងចិត្តជាងមុនសម្រាប់ការរស់នៅ”។
មុខមាត់ជនបទនៅសង្កាត់ Hiệp Thành។
សង្កាត់ Hiệp Thành បច្ចុប្បន្នមាន ៨.១០១ គ្រួសារ ដោយចំនួនប្រជាជន ៣៨.២៨៦ នាក់ ក្នុងនោះជនរួមជាតិភាគតិចមាន ៣.៨៤២ គ្រួសារ (១៦.៧៣០ នាក់ ស្មើនឹងប្រមាណជិត ៤៤%)។ ទូទាំងសង្កាត់នៅសល់ ៨ គ្រួសារក្រីក្រ និង ១២ គ្រួសារប្រកៀកបន្ទាត់ក្រជាជនជាតិភាគតិច ភាគច្រើនរស់នៅដោយរបរចិញ្ចឹមជលផល និងលក់ដូរកំប៊ិចកំប៉ុកដែលមានចំណូលមិននឹងនរ។
លោកស្រី Dương Thị An Tíl ប្រធានការិយាល័យវប្បធម៌ - សង្គមសង្កាត់ Hiệp Thành បានឱ្យដឹងថា៖ “សង្កាត់កំពុងបង្ហើយនីតិវិធីទទួលស្គាល់សង្កាត់តំបន់សុវត្ថិភាព។ ពេលត្រូវបានអនុម័ត ប្រជាជននឹងត្រូវបានគាំទ្រធានារ៉ាប់រងសុខភាពក្នុងកម្រិតទទួលបាន ១០០% រួមចំណែកធានាឱ្យបានល្អនូវការងារសុខុមាលភាពសង្គមនៅភូមិភាគ”។
ធានារ៉ាប់រងសុខភាពមិនត្រឹមតែកាត់បន្ថយបន្ទុកចំណាយសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតនូវភាពកក់ក្តៅក្នុងចិត្ត ដើម្បីឱ្យបងប្អូនប្រមូលផ្តុំកម្លាំងពលកម្ម ផលិតកម្ម និងអភិវឌ្ឍសេដ្ឋកិច្ច។ ប័ណ្ណធានារ៉ាប់រងសុខភាពមិនត្រឹមតែមានតម្លៃផ្នែកសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការយកចិត្តទុកដាក់ និងការចែករំលែករបស់រដ្ឋ និងសហគមន៍។ ក្នុងដំណើរលើកកម្ពស់គុណភាពជីវិត ជាពិសេសគឺចំពោះបងប្អូនជនជាតិភាគតិច ធានារ៉ាប់រងសុខភាពពិតជា “របាំងការពារ” ដ៏រឹងមាំដើម្បីការពារសុខភាព រក្សាទម្រង់មុខរបរចិញ្ចឹមជីវិត និងបណ្តុះនូវទំនុកចិត្តលើគោលនយោបាយសុខុមាលភាពប្រកបដោយទឹកចិត្តមនុស្សធម៌៕
Hồng Phượng

Truyền hình



Xem thêm bình luận