នៅភូមិភ្នៀត ឃុំហូធីគី ក្បាច់រាំ សំនៀងច្រៀង និងតន្ត្រីប្រពៃណីរបស់ជនរួមជាតិខ្មែរ គឺនៅតែបានថែរក្សា និងបន្តវេនតាមរយៈថ្នាក់រៀនដ៏ពិសេសមួយ។ នៅទីនោះ អ្នកជំនាន់មុនកំពុងព្យាយាមអត់ធ្មត់ក្នុងការផ្ទេរចំណេះដឹងដ៏មានតម្លៃនៃវប្បធម៌ជនជាតិទៅឱ្យយុវជនជំនាន់ក្រោយ។
ប្អូនស្រី ហ៊ឺវធីបាវង៉ុក សិស្សថ្នាក់ទី ៤ នៃសាលាបឋមសិក្សា ហូធីគី ជាសមាជិកាក្រុមសិល្បៈវប្បធម៌កុមារ សម្តែងឧបករណ៍តន្ត្រីប្រពៃណីក្នុងពិធីបុណ្យសែនដូនតា។
សំឡេងតន្ត្រីបានបន្លឺឡើងក្នុងលំហសកម្មភាពរបស់ក្លឹប សិល្បៈវប្បធម៌ភូមិភ្នៀត។ កុមារីក្នុងឈុតសំលៀកបំពាក់ប្រពៃណីខ្មែរ កំពុងតាមដានយ៉ាងយកចិត្តទុកទៅលើកាយវិការរបស់អ្នកណែនាំ បន្ទាប់មកក៏លើកដៃថ្នមៗ និងបង្វិលខ្លួនតាមចង្វាក់។ នៅជ្រុងម្ខាងទៀត ម្រាមដៃតូចៗចាប់ផ្តើមសាកល្បងនឹងចង្វាក់តន្ត្រី សំឡេងភ្លេងដែលមិនទាន់ពេញចង្វាក់ល្អ ប៉ុន្តែបង្កប់នូវភាពរំភើបក្រៃលែងរបស់កុមារដែលកំពុងស្វែងយល់ពីសិល្បៈប្រពៃណី។
ដោយវត្ថុបំណងចង់ថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ ក្នុងឆ្នាំ ២០១៤ លោកហ៊ូវគាងបានបង្កើតក្លឹបសិល្បៈវប្បធម៌ភូមិភ្នៀតដោយមាន២ក្រុម គឺ៖ ក្រុមភ្លេងស្គរធំ និងក្រុមរាំច្រៀង។ ប៉ុន្តែពេលដែលសមាជិកក្នុងក្រុមមានវ័យកាន់តែចាស់ទៅ បញ្ហាស្វែងរកជំនាន់បន្តវេនបានក្លាយជាកង្វល់ដ៏ធំមួយ។ ហេតុដូច្នេះហើយ ទើបប្រហែល ២ ឆ្នាំមុន ក្លឹបបានចាប់ផ្តើមបង្កើតក្រុមសិល្បៈវប្បធម៌កុមារ។
ពីកន្លែងដែលមានសមាជិកចូលរួមត្រឹមតែ ២ នាក់ប៉ុណ្ណោះ ឥឡូវនេះក្រុមសិល្បៈវប្បធម៌កុមារមានសមាជិក ២០ នាក់។ សមាជិកម្នាក់ៗមានចរិតលក្ខណៈខុសៗគ្នា និងមានសមត្ថភាពខុសៗគ្នា ទាមទារឱ្យអ្នកណែនាំត្រូវមានការអត់ធ្មត់ បង្រៀនបង្ហាញបន្តិចម្ដងៗ លើរាល់កាយវិការ និងចង្វាក់នីមួយៗ។ មានក្បាច់រាំខ្លះ ដែលពួកគាត់ត្រូវហាត់សមឡើងវិញច្រើនដង ទើបអាចចាំគ្រប់កាយវិការទាំងអស់។
ជាអ្នកមានចិត្តស្រឡាញ់ និងប្តេជ្ញាចិត្តក្នុងការបណ្តុះបណ្តាលជំនាន់បន្តវេន បងស្រីយ័ញហ្វិញនីជាអ្នកគ្រប់គ្រងក្លឹប ចែករំលែកថា៖ «ការណែនាំកុមារៗហាត់រាំគឺពិតជាពិបាកបន្តិច ប៉ុន្តែពេលដែលឃើញពួកគាត់សម្តែងក្បាច់រាំប្រពៃណីដោយភាពជឿជាក់ បានផ្តល់ឱ្យខ្ញុំនូវកម្លាំងចិត្តបន្ថែមទៀតដើម្បីបន្តការងារនេះ»។
ដើម្បីកុំឱ្យប៉ះពាល់ដល់ការសិក្សានៅសាលា ក្លឹបបានរៀបចំពេលឱ្យពួកគាត់ហ្វឹកហាត់ និងសម្តែងនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ មិនត្រឹមតែកាន់ក្បាច់រាំប៉ុណ្ណោះទេ ប៉ុន្តែសមាជិកកុមារក៏បានស្វែងយល់អំពីសម្រស់វប្បធម៌ជនជាតិផងដែរ។ ក្បាច់រាំប្រពៃណីបានក្លាយជាភាពជិតស្និទ្ធ និងស្គាល់ច្បាស់បន្តិចម្តងៗ ហើយបានទទួលយកពីសំណាក់កុមារដោយភាពបរិសុទ្ធ និងក្តីស្រឡាញ់។
ប្អូនៗកុមារសម្តែងឈុតបាំខ្មែរក្នុងពិធីបុណ្យមហាសាមគ្គីទូទាំងប្រជាជាតិ នៅភូមិតាក់ធូ ឃុំហូធីគី។
ក្រុមសិល្បៈតែងចូលរួមសម្តែងនៅតាមសាលារៀន ក្នុងឱកាសបុណ្យទានធំៗរបស់ជនរួមជាតិខ្មែរ និងសកម្មភាពវប្បធម៌នៅមូលដ្ឋាន ដែលទទួលបានការស្រឡាញ់រាប់អានពីទស្សនិកជនទាំងជនជាតិខ្មែរ និងជនជាតិគិញ ដែលរួមចំណែកបង្កើតទំនាក់ទំនងសាមគ្គីរវាងសហគមន៍ជនជាតិផ្សេងៗគ្នា។
ប្អូនប្រុស ហ៊ូវយ៉ាទ្វេ សិស្សថ្នាក់ទី ៤ នៃសាលាបឋមសិក្សា ហូធីគី បានសម្តែងនូវក្តីរីករាយនៅពេលបានចូលរួមក្នុងក្រុមសិល្បៈថា៖ «ក្រៅពីការរាំ ខ្ញុំក៏បានរៀនតន្រ្តី រៀនស្គាល់ពីតន្ត្រីប្រពៃណីជនជាតិផងដែរ។ ខ្ញុំនឹងព្យាយាមរៀនឱ្យពូកែ ដើម្បីសម្តែងជូនលោកយាយ លោកតា និងជនរួមជាតិទស្សនា»។
ក្រៅពីការបង្រៀនរាំ ក្លឹបក៏បានបង្រៀនបច្ចេកទេសប្រើប្រាស់ឧបករណ៍តន្ត្រីប្រពៃណីផងដែរ។ សមាជិកនៃក្រុមភ្លេងស្គរធំ ដូចជាលោក ហ៊ឺវគែន និងបងហ៊ូវមិញឌឿងបានណែនាំផ្ទាល់ដល់កុមារឱ្យស្គាល់ពីឧបករណ៍ភ្លេង ចាប់តាំងពីរបៀបកាន់ របៀបវាយ រហូតដល់ការយល់ដឹងពីចង្វាក់។ នេះជាវិធីសាស្ត្រផ្ទេរចំណេះដឹងយ៉ាងជិតស្និទ្ធ ដែលជួយឱ្យកុមារខិតចូលជិត សិល្បៈប្រពៃណីតាមរយៈបទពិសោធន៍ជាក់ស្តែង តាមរយៈនោះយល់កាន់តែច្បាស់ពីតម្លៃនៃប្រភេទសិល្បៈដែលបានផ្សារភ្ជាប់ជាមួយនឹងជីវភាពរបស់សហគមន៍ខ្មែរឆ្លងច្រើនជំនាន់៕
អត្ថបទនិងរូប៖ ឡាមខាញ់

Truyền hình



Xem thêm bình luận