នៅឃុំតឹនឡុក វត្តវង្សស្រង់ក្របីឃ្លៀច មិនត្រឹមជាមណ្ឌលជីវភាពខាងជំនឿសាសនារបស់បងប្អូនជនរួមជាតិខ្មែរណាមបូប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងកត់ត្រានូវប្រពៃណីប្រយុទ្ធតស៊ូ និងធ្វើបដិវត្តន៍យ៉ាងអង់អាចក្លាហានផងដែរ។ ឆ្លងកាត់រយៈពេលជាងមួយសតវត្សរ៍នៃការបង្កបង្កើត និងរីកចម្រើន វត្តនេះនៅតែបន្តរក្សាបាននូវតម្លៃប្រវត្តិសាស្ត្រ វប្បធម៌យ៉ាងខ្ជាប់ខ្ជួន រួមចំណែកក្លាយជាទីបង្អែកផ្លូវចិត្ត និងជាមោទនភាពរបស់សហគមន៍ជនជាតិខ្មែរទាំងឡាយនៅទីនេះទៀតផង។
វត្តក្របីឃ្លៀចបន្តហ្វឹកហាត់ និងបង្រៀនភ្លេងស្គរធំដល់ប្អូនៗកុមារ។
កសាងក្នុងឆ្នាំ ១៩២២ វត្តសិរីមានជ័យវង្សស្រង់ក្របីឃ្លៀច ប្រកបដោយស្ថាបត្យកម្មព្រះពុទ្ធសាសនាថេរវាទខ្មែរយ៉ាងជ្រាលជ្រៅ។ ឆ្នាំ ១៩៥៨ វត្តត្រូវបានប្តូរទីតាំងមកកន្លែងនាពេលបច្ចុប្បន្នភូមិលេខ៧ ឃុំតឹនឡុកនេះឯង។ ក្នុងសម័យតស៊ូប្រយុទ្ធតតាំងសង្គ្រាមទាំងពីរលើក ទីនេះធ្លាប់ជាមូលដ្ឋានធ្វើបដិវត្តន៍ ផ្តល់ទីជម្រក ចិញ្ចឹមកម្មាភិបាលធ្វើបដិវត្តន៍ រួមចំណែកក្នុងការចលនាតស៊ូរបស់ភូមិភាគផងដែរ។
ជាប់ទាក់ទងនឹងប្រពៃណីនេះគឺ ព្រះឧបជ្ឈាយ៍ វិរបុព្វជិតពលី ហ៊ឺវញ៉ែម (១៩២៩-១៩៦៦) ជាអតីតចៅអធិការវត្ត ដែលជាព្រះសង្ឃស្នេហាជាតិដ៏លេចធ្លោមួយអង្គនៃព្រះពុទ្ធសាសនាថេរវាទខ្មែរខេត្តកាម៉ាវ។ ព្រះអង្គធ្លាប់កាន់តំណែងជាអនុប្រធានរណសិរ្សរំដោះជាតិតំបន់ភាគនិរតី មានការរួមចំណែកជាច្រើនដល់បុព្វហេតុនៃការសាមគ្គីជាតិ និងបានពលីជីវិតយ៉ាងអង់អាចក្លាហានក្នុងឆ្នាំ ១៩៦៦។ ឆ្នាំ ២០១៧ វត្តក្របីឃ្លៀចត្រូវបានដាក់ចូលបញ្ជីបេតិកភណ្ឌប្រវត្តិសាស្ត្រថ្នាក់ជាតិ។
ពង្រីកប្រពៃណីស្នេហាជាតិរបស់យុទ្ធជនជំនាន់មុនៗ វត្តអារាមសព្វថ្ងៃបន្តអប់រំជនរួមជាតិខាងស្មារតីសាមគ្គី ឧស្សាហ៍ព្យាយាមពលកម្ម សិក្សារៀនសូត្រ ដើម្បីឈានឡើងក្នុងជីវភាពរស់នៅ ព្រមទាំងថែរក្សា តម្លៃវប្បធម៌ប្រពៃណីខ្មែរសម្រាប់បញ្ញវន្តជំនាន់ក្រោយ។ ព្រះតេជគុណ ឡឹមសឺន ចៅអធិការវត្តក្របីឃ្លៀច មានសង្ឃដីកាថា៖ “វត្តក្របីឃ្លៀចនាពេលបច្ចុប្បន្នជាទីបង្អែកផ្លូវចិត្ត រួមចំណែកអប់រំព្រះសង្ឃ ពុទ្ធបរិស័ទ និងជនរួមជាតិខ្មែរអំពីស្មារតីស្រឡាញ់ស្រុកកំណើត ប្រទេសជាតិ ព្រមទាំងជំរុញទឹកចិត្តបងប្អូនឱ្យខិតខំប្រឹងប្រែងពលកម្ម សិក្សារៀនសូត្រ ពង្រីកស្មារតីម្ចាស់ការ ពឹងលើខ្លួនឯង ឈានឡើងកសាងជីវភាពរស់អោយកាន់តែប្រសើរឡើង។ ជាមួយគ្នានោះ វត្តតែងយកចិត្តទុកដាក់ថែរក្សា បង្កើនតម្លៃវប្បធម៌ប្រពៃណី អភិរក្សអត្តសញ្ញាណវប្បធម៌ខ្មែរណាមបូឆ្លងកាត់គ្រប់បណ្តាជំនាន់”។
ក្នុងនោះ សិល្បៈភ្លេងស្គរធំជាលក្ខណៈវប្បធម៌ដែលសហគមន៍ខ្មែរនៅភូមិភាគខិតខំបន្តថែរក្សាក្នុងឱកាសបុណ្យទានផ្សេងៗ មិនត្រឹមតែបង្កើតបរិយាកាសឱឡារិក រស់រវើកប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីជីវភាពជំនឿផ្លូវចិត្តដ៏សម្បូរបែបរបស់បងប្អូនជនរួមជាតិទៀតផង។
ពុទ្ធបរិស័ទចូលវត្តប្រារព្ធពិធីដាក់ទូ ងដើម្បីចូលរួមប្រគួតថ្ងៃបុណ្យអកអំបុក សំពះព្រះខែ ឆ្នាំ២០២៦។
ក្រុមភ្លេងស្គរធំភូមិលេខ៧ មានការចូលរួមរបស់សមាជិកវ័យក្មេងជាច្រើនរូប។ ប្អូន យ័ញមិញញី នៅភូមិលេខ៧ បានរៀបរាប់ថា៖ “កូនសប្បាយចិត្តខ្លាំងណាស់ពេលបានវាយស្គរធំ និងចូលរួមក្រមវង់ភ្លេងស្គរធំ”។ ប្អូន ផាមវីទ្រិញ ក៏ប្រាថ្នាចង់បានចូលរួមក្នុងក្រុមសិល្បៈខ្មែរនៅពេលដែលខ្លួនធំដឹងក្តីផងដែរ។
តាំងពីប្រពៃណីបដិវត្តន៍ដ៏អង់អាចក្លាហានរហូតដល់សកម្មភាពនៃការអភិរក្សវប្បធម៌ដូចសព្វថ្ងៃនេះ វត្តក្របីឃ្លៀចកំពុងបន្តតភ្ជាប់ខ្សែចរន្តស្នេហាជាតិ ស្មារតីសាមគ្គី និងមោទនភាពជាតិ។ តម្លៃទាំងឡាយដែលបានបណ្តុះបណ្តាលឆ្លងកាត់ច្រើនជំនាន់មិនត្រឹមជាទ្រព្យសម្បត្តិខាងផ្លូវចិត្តដ៏ថ្លៃថ្នូររបស់ជនរួមជាតិខ្មែរតឹនឡុកប៉ុណ្ណោះទេ ថែមទាំងរួមចំណែកធ្វើឱ្យវប្បធម៌វៀតណាមកាន់តែសម្បូរបែបថែមទៀតផង៕
អត្ថបទនិងរូប៖ ឡងភឿង

Truyền hình



Xem thêm bình luận