ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។
កម្មាភិបាលយុទ្ធជនក្រុមចលនាមហាជននៃបុ៉ស្តិ៍ការពារព្រំដែន Cái Cùng បានអញ្ជើញមកដល់ផ្ទះប្រជាជនដើម្បីសួរសុខទុក្ខ និងលើកទឹកចិត្ត ព្រមទាំងស្វែងយល់ពីគោលបំណងរបស់បងប្អូន ដើម្បីមានការឧបត្ថម្ភទាន់ពេលជួយបងប្អូនប្រជាជនឈានឡើងអភិវឌ្ឍសេដ្ឋកិច្ច។
នៅប៉ុស្តិ៍កងការពារព្រំដែន Cái Cùng ការឧបត្ថម្ភមិនបានបញ្ឈប់ត្រឹមការផ្តល់ពូជឈើដាំ សត្វចិញ្ចឹមនោះទេ ពោលគឺកម្មាភិបាល យុទ្ធជនថែមទាំងបានបន្តចុះទៅតាមគ្រួសារនីមួយៗដើម្បីណែនាំពីបច្ចេកទេស សាងសង់ទ្រុង រោង និងថែទាំសត្វចិញ្ចឹម ព្រមទាំងតាមដានពីដំណើរការធំលូតលាស់ទៀតផង។
គ្រួសារលោក Lý Quân នៅភូមិ Vĩnh Mẫu ឃុំ Vĩnh Hậu គឺជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលទទួលបានការឧបត្ថម្ភ។ គាត់ទទួលបានជ្រូក ២ ក្បាលពីអង្គភាព និងពពែ ២ ក្បាល រួមជាមួយពូជជលផលផងដែរ។ ដើម្បីជួយគ្រួសារមានលក្ខណៈថែទាំសត្វចិញ្ចឹមរបស់ខ្លួន កម្មាភិបាល និងកងទ័ពបានចុះទៅដល់ផ្ទះដោយផ្ទាល់ ដើម្បីសាងសង់ទ្រុងជ្រូក ពង្រឹងដំបូល រៀបចំគ្រឹះ រៀបចំកន្លែងចិញ្ចឹម ធានាអនាម័យ និងកាត់បន្ថយការផ្ទុះឡើងនៃជំងឺផងដែរ។
លោក Lý Quân បានមានប្រសាសន៍ថា៖ “គ្រួសារខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កងកម្លាំងការពារព្រំដែនចំពោះការថែទាំ និងជួយឧបត្ថម្ភគាំទ្រយើងខ្ញុំក្នុងការផ្តល់សត្វពាហនៈ និងជួយដោយផ្ទាល់ក្នុងការសាងសង់ទ្រុងជាដើម។ ដោយមានជ្រូក ពពែ និងជលផលបន្ថែម គ្រួសារខ្ញុំក៏មានឱកាសអភិវឌ្ឍសេដ្ឋកិច្ចផងដែរ”។
វរសេនីយ៍ឯក Phan Trọng Vĩnh អនុប្រធានក្រុមចលនាមហាជននៃប៉ុស្តិ៍ការពារព្រំដែន Cái Cùng បានចែករំលែកថា៖ “អង្គភាពបានកំណត់ថា ការឧបត្ថម្ភជីវភាពត្រូវតែសមស្របទៅនឹងស្ថានភាពជាក់ស្តែងរបស់គ្រួសារនីមួយៗ។ នៅពេលផ្តល់សត្វពាហនៈ កម្មាភិបាល និងកងទ័ពបន្តទៅពិនិត្យផ្ទះសម្បែងដោយផ្ទាល់ ដើម្បីណែនាំ និងជួយប្រជាជនសាងសង់ទ្រុង ថែទាំយ៉ាងល្អ និងអភិវឌ្ឍសត្វចិញ្ចឹមរបស់ខ្លួន។ គោលដៅគឺដើម្បីជួយប្រជាជនឱ្យមានជីវភាពស្ថិរភាព បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរបស់ពួកគេបន្តិចម្តងៗ”។
ជាមួយទិសស្លោក “ដងសន្ទូច” ជំនួសឱ្យ “ត្រី” ប៉ុស្តិ៍ការពារព្រំដែន Cái Cùng មានគោលបំណងជួយបងប្អូនជនជាតិភាគតិចឱ្យកែលម្អជីវិតរបស់ពួកគេយ៉ាងសកម្ម។ ចាប់ពីការឧបត្ថម្ភដំបូង គ្រួសារនីមួយៗប្រមូលដើមទុន ពង្រីកផលិតកម្ម និងបង្កើតប្រាក់ចំណូលបន្ថែម។
គ្រួសារលោក Lý Quân ថែទាំហ្វូងសត្វពពែដែលទទួលបានពីការឧបត្ថម្ភរបស់ប៉ុស្តិ៍ការពារព្រំដែន Cái Cùng ហើយសព្វថ្ងៃហ្វូងសត្វទាំងនេះក៏កំពុងមានការអភិវឌ្ឍល្អ បង្កើតបាននូវប្រភពចំណូលសម្រាប់គ្រួសារផងដែរ។
លោក Thạch Dương លេខាសាខាបក្សភូមិ Vĩnh Mẫu បានសម្តែងនូវបំណងប្រាថ្នារបស់លោកថា៖ «នៅពេលខាងមុខ កម្មាភិបាល និងកងទ័ពនៃអង្គភាពនឹងបន្តធ្វើការជាមួយភូមិភាគ ដើម្បីជំនួយឧបត្ថម្ភគ្រួសារដែលជួបលំបាក ឱ្យមានឱកាសកាន់តែច្រើនក្នុងការអភិវឌ្ឍផលិត និងធ្វើឱ្យជីវិតរបស់ពួកគេមានស្ថិរភាព។ ភូមិភាគនឹងសម្របសម្រួលក្នុងការផ្សព្វផ្សាយព័ត៌មាន និងចលនាប្រជាជនឱ្យប្រើប្រាស់ប្រភពធនធាននៃការឧបត្ថម្ភប្រកបដោយប្រសិទ្ធភាព និងខិតខំប្រឹងប្រែងជានិច្ចដើម្បីឈានឡើងក្នុងការរស់នៅ»។
លោកវរសេនីយ៍ទោ Mã Văn Tính អនុប្រធានផ្នែកនយោបាយនៃប៉ុស្តិ៍ការពារព្រំដែន Cái Cùng បានអះអាងថា៖ «អង្គភាពចាត់ទុកការថែទាំ និងគិតគូរអំពីជីវភាពរស់នៅរបស់បងប្អូនប្រជាជនជាកិច្ចការដែលត្រូវធ្វើជារឿយៗ។ ចំពោះជនជាតិភាគតិចដែលនៅតែប្រឈមមុខនឹងការលំបាក យើងផ្តល់អាទិភាពសម្រាប់ទម្រង់នៃការចិញ្ចឹមជីវិតតាមភាពជាក់ស្តែងដែលសមស្របទៅនឹងលក្ខណៈនៃគ្រួសារនីមួយៗ។ ទស្សនៈរបស់អង្គភាពគឺគាំទ្រប្រជាជន ដើម្បីឱ្យពួកគេមានលក្ខខណៈដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន មិនមែនបង្កើតផ្នត់គំនិតនៃការពឹងផ្អែកជំនួយឧបត្ថម្ភតែម្យ៉ាងនោះទេ»៕
Trần Chuyển - Hoàng Tá

Truyền hình



Xem thêm bình luận