នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។
ប្រជាជនភូមិ Đá Bạc A មមាញឹកអនុវត្តដំណាក់កាលកែច្នៃបឋមត្រីកន្ធរ។
ជាង ២០ ឆ្នាំផ្សារភ្ជាប់នឹងមុខរបរ បណ្តាគ្រួសារទាំងឡាយនៅទីនេះបានសន្សឹមៗរក្សារបរធ្វើងៀតត្រីកន្ធរ ធ្វើឱ្យជីវភាពគ្រួសារមានស្ថិរភាព ព្រមទាំងបង្កើតការងារធ្វើ និងប្រភពចំណូលបន្ថែមសម្រាប់ពលករនៅភូមិភាគទៀតផង។
បច្ចុប្បន្ន ឃុំ Đá Bạc មានមូលដ្ឋានកែច្នៃផលជលផលងៀតគ្រប់ប្រភេទខ្នាតតូចជាង ៣០០ កន្លែង។ ដោយឡែកនៅភូមិ Đá Bạc A មាន ១៦ គ្រួសាររស់នៅក្បែរៗគ្នា ជំនាញខាងធ្វើងៀតត្រីកន្ធរ និងបានផ្សារភ្ជាប់ជាមួយមុខរបរនេះជាង ២០ ឆ្នាំកន្លងមកហើយ។
តាមទម្លាប់ ចាប់ពីខែ ៩ ចន្ទគតិ របរធ្វើងៀតត្រីកន្ធរឈានចូលរដូវកាលចម្បង។ ប៉ុន្តែជិតកន្លះខែមកនេះ មូលដ្ឋានជាច្រើនបានម្ចាស់ការផលិត ដើម្បីឆ្លើយតបតាមការបញ្ជាទិញរបស់អតិថិជនជិតឆ្ងាយ។
នៅមូលដ្ឋានរបស់លោក Danh Văn Sa ជារៀងរាល់ថ្ងៃមានត្រីស្រស់ប្រមាណ ៥០០ គីឡូក្រាមត្រូវបាននាំយកមកកែច្នៃ។ ផលិតផលភាគច្រើនផ្គត់ផ្គង់ដល់តាមកន្លែងលក់ដុំងៀតនៅ Cần Thơ, Tây Ninh ទីក្រុង Hồ Chí Minh និង Đồng Nai ជាដើម)។
លោក Danh Văn Sa បានចែករំលែកថា៖ «កាលពីមុន ដោយសារប្រភពទុនរបស់គ្រួសារ មានប៉ុន្មានធ្វើប៉ុណ្ណឹង។ ក្រោយមកពង្រីកការផលិត ទើបត្រូវខ្ចីបុលទុនបន្ថែម។ បច្ចុប្បន្ន តម្លៃត្រី ចំណី និងការចំណាយផ្សេងៗសុទ្ធតែកើនឡើង។ ពួកយើងសង្ឃឹមថា រដ្ឋអំណាចភូមិភាគនឹងយកចិត្តទុកដាក់ ជួយឧបត្ថម្ភប្រភពទុន ដើម្បីឱ្យមីងមាមានលក្ខណៈអភិវឌ្ឍផលិតកម្មរបស់ខ្លួន។ ប្រសិនបើគ្រួសារទន្ទឹមនឹងចិញ្ចឹមត្រី ទាំងកែច្នៃផងនោះ នឹងម្ចាស់ការបានប្រភពវត្ថុធាតុដើម និងលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ចផងដែរ»។
នៅពីក្រោយរានហាលត្រីទាំងឡាយ គឺជាការងាររបស់ពលករក្នុងមូលដ្ឋានរាប់សិបនាក់។ មូលដ្ឋាននីមួយៗជាទូទៅត្រូវការកម្មករចាប់ពី ៨ ដល់ ១០ នាក់ ទទួលរ៉ាប់រងការងារដូចជា ធ្វើត្រី ហាលងៀត និងថែរក្សាទុកដាក់។ ត្រីក្រោយពេលកែច្នៃបឋមរួច ក៏ត្រូវបានដាក់លើរានហាលប្រហែល ៣ ថ្ងៃ អាស្រ័យលើលក្ខណៈអាកាសធាតុ ដើម្បីទទួលបានកម្រិតស្ងួត និងពណ៌សម្បុរសមស្រប មុនពេលនាំចេញទៅកាន់ទីផ្សារ។
ចំពោះពលករនៅភូមិភាគ មុខរបរធ្វើងៀតត្រីកន្ធរបង្កើតការងារធ្វើបន្ថែម និងនាំមកនូវប្រភពចំណូលចាប់ពី ២០០ - ៣០០ ពាន់ដុង/ម្នាក់/ថ្ងៃ។
រានហាលងៀតត្រីកន្ធរតម្រៀបតៗគ្នា បង្កើតបានជាលក្ខណៈពិសេសដោយឡែកនៃមុខរបរធ្វើងៀតត្រីកន្ធរនៅភូមិដាបាក A។
បងស្រី Lý Ngọc Lập ជាពលករនៅមូលដ្ឋានបានឱ្យដឹងថា៖ «មុខរបរនេះបើសិនធ្វើជាប្រចាំ គឺអាចផ្គត់ផ្គង់ជីវភាពបាន។ ការងារភាគច្រើនធ្វើតាមរដូវកាល ពេលមូលដ្ឋានមានត្រី គេជួលយើងធ្វើដំណាក់កាលផ្សេងៗ ដូចជាកោសស្រកា លាង និងសម្អាតត្រីជាដើម។ បន្ទាប់មកបន្តដំណាក់កាលហាលត្រី។ ការងារមិនសូវស្មុគស្មាញប៉ុន្មានទេ តែទាមទារឱ្យមានការរហ័សរហួន ធ្វើឱ្យផ្ចិតផ្ចង់ និងស្អាតបាត»។
លោក Nguyễn Cảnh Hạnh អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Đá Bạc ឱ្យដឹង៖មូលដ្ឋាននឹងស្នើដល់បណ្តាផ្នែកជំនាញជួយឧបត្ថម្ភទាន់ពេលវេលា ដើម្បីឱ្យបណ្តាមូលដ្ឋានផលិតទាំងឡាយ និងអាជីវកម្មលើភូមិសាស្ត្រឃុំ បានទាក់ទងប្រភពទុនអនុគ្រោះយ៉ាងឆាប់ មានលក្ខណៈបន្ថែមសម្រាប់ពង្រីកការផលិត និងដោះស្រាយការងារធ្វើជូនប្រជាជននៅនឹងកន្លែង។
ការរក្សាមុខរបរធ្វើងៀតត្រីកន្ធរ គឺជារក្សាជីវភាពរស់នៅ បង្កើតការងារធ្វើ និងរក្សាទុកនូវរសជាតិពិសេសដោយឡែករបស់មូលដ្ឋាន។ ចេញពីរានហាលត្រីតម្រៀបតៗគ្នាក្រោមពន្លឺថ្ងៃ ប្រជាជននៅភូមិ Đá Bạc A កំពុងតែកសាងមុខរបរពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែកថែរក្សា និងអភិវឌ្ឍមុខរបរប្រពៃណី៕
Hoàng Vũ

Truyền hình



Xem thêm bình luận