ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

សមាជិកនៃក្រុមសហការត្បាញកំប្លោក ឆ្លៀតពេលទំនេរពីការងារស្រែចម្ការដើម្បីមកត្បាញកំប្លោក។
ក្រុមសហការ ត្បាញកំប្លោក បច្ចុប្បន្នមានបងប្អូនស្ត្រីជាង ១០០ នាក់ ទាំងក្នុង និងក្រៅភូមិចូលរួម។ ប្រធានក្រុមនឹងឈរឈ្មោះទទួលយកឆ្អឹងគំរូ រួចចែកជូនសមាជិកដើម្បីយកទៅត្បាញនៅផ្ទះ។ បងប្អូនស្ត្រីណាដែលអាចប្រមូលវត្ថុធាតុដើម (កំប្លោកហាលស្ងួត) ដោយខ្លួនឯងដើម្បីត្បាញ នឹងទទួលបានចំណូលខ្ពស់ជាង ចំណែកអ្នកដែលគ្មានវត្ថុធាតុដើម នឹងត្រូវផ្តល់ជូនដោយក្រុមផ្ទាល់។ អាស្រ័យលើស្នាដៃដ៏ប៉ិនប្រសប់របស់សមាជិក ផលិតផលត្បាញកំប្លោករបស់ក្រុមតែងទទួលបានការកម្មង់ទិញយ៉ាងទៀងទាត់ផងដែរ។
លោកស្រី Nguyễn Thị Mân ប្រធានក្រុមសហការត្បាញកំប្លោក បានឱ្យដឹង៖ «រៀងរាល់សប្តាហ៍ ក្រុមទទួលឆ្អឹងគំរូពីក្រុមហ៊ុននៅទីក្រុង Hồ Chí Minh ផ្ញើមក ហើយទន្ទឹមនឹងនោះក៏ប្រគល់ផលិតផលដែលត្បាញរួចរាល់ត្រឡប់ទៅវិញ។ អាស្រ័យលើការកម្មង់មានជាបន្តបន្ទាប់ បងប្អូនស្ត្រីតែងតែមានការងារធ្វើជាប់លាប់ផងដែរ។ ចំណូលមធ្យមរបស់សមាជិកម្នាក់ៗគឺប្រហែល ៣ លានដុងក្នុងមួយខែ»។
ដោយសារមិនតម្រូវឱ្យធ្វើការប្រមូលផ្តុំនៅនឹងកន្លែងក្រុម បងប្អូនស្ត្រីអាចទទួលឆ្អឹងគំរូយកទៅត្បាញនៅផ្ទះបាន និងអាចបត់បែនរៀបចំពេលវេលានៅពេលទំនេរផងដែរ ហើយថែមទាំងអាចណែនាំសមាជិកគ្រួសារឱ្យជួយធ្វើបន្ថែមបានទៀតផង។
អ្នកស្រី Nguyễn Thị Loan សមាជិកក្រុមសហការត្បាញកំប្លោក បាននិយាយទាំងសប្បាយរីករាយថា៖ «នៅពេលក្រុមប្រគល់ឆ្អឹងគំរូឱ្យ ខ្ញុំឆ្លៀតពេលទំនេរដើម្បីត្បាញ។ ប្តីប្រពន្ធខ្ញុំធ្វើរួមគ្នា ដូច្នេះក៏បានផលិតផលច្រើនជាង។ ចំណូលមធ្យមជាប្រចាំថ្ងៃគឺចាប់ពី ១០០-២០០ ពាន់ដុងក្នុងម្នាក់ អាស្រ័យលើឆ្អឹងគំរូងាយស្រួល ឬពិបាក»។
របរត្បាញកំប្លោកមានប្រៀប គឺទាញយកប្រយោជន៍ពីប្រភពវត្ថុធាតុដើមដែលមានស្រាប់នៅភូមិភាគ។ គ្រួសារជាច្រើនបានម្ចាស់ប្រមូលរាំងយកកំប្លោកនៅតាមដងទន្លេ រង់ចាំរុក្ខជាតិនេះលូតលាស់ដល់ទំហំស្តង់ដារ ទើបប្រមូលផល និងហាលស្ងួតធ្វើជាវត្ថុធាតុដើមសម្រាប់ត្បាញទៅជាផលិតផល។

សមាជិកក្នុងក្រុមសហការត្បាញកំប្លោក ធ្វើដំណើរការត្បាញយ៉ាងផ្ចិតផ្ចង់ និងប៉ិនប្រសប់ ដើម្បីបង្កើតជាផលិតផលសម្រេចពីកំប្លោក។
អ្នកមីង Võ Thị Sương សមាជិកក្រុមសហការត្បាញកំប្លោក បានចែករំលែកថា៖ «បងប្អូនស្ត្រីភាគច្រើននៅជុំវិញភូមិសុទ្ធតែចូលរួមត្បាញកំប្លោក។ ផ្ទះណាក៏មានប្រមូលរាំងយកកំប្លោកនៅតាមជ្រុងមួយនៃមាត់ព្រែកឬទន្លេ ដើម្បីម្ចាស់ការលើប្រភពវត្ថុធាតុដើម។ កំប្លោកក្រោយពេលហាលស្ងួត អាចទុកត្បាញបណ្តើរៗ ឬលក់បន្ត។ បច្ចុប្បន្ន កំប្លោកហាលស្ងួតមួយគីឡូក្រាមមានតម្លៃចាប់ពី ២១-២៣ ពាន់ដុង»។
អ្នកស្រី Nguyễn Thị Hiểu ប្រធានសមាគមសហព័ន្ធនារីឃុំ Ninh Quới បានឱ្យដឹង៖ «អនុវត្តគម្រោងលេខ ២៤១៥ របស់រដ្ឋាភិបាល ស្តីពីការគាំទ្រស្ត្រីអភិវឌ្ឍន៍សេដ្ឋកិច្ច សមាគមបានម្ចាស់ការកសាងផែនការបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសត្បាញកំប្លោក ព្រមទាំងទម្រង់ផលិតកម្មថ្មីៗជាច្រើនផងដែរ។ តាមរយៈនោះ បង្កលក្ខណៈងាយស្រួលឱ្យបងប្អូនស្ត្រីឈានឡើងជាលំដាប់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ»។
ការម្ចាស់ការទាញយកប្រយោជន៍ពីប្រភពវត្ថុធាតុដើមដែលមានស្រាប់នៅក្នុងភូមិភាគ បាននិងកំពុងត្រូវបាននាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចយ៉ាងច្បាស់ក្រឡែត។ នេះមិនត្រឹមតែជាដំណោះស្រាយបង្កើនចំណូលក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយឱ្យបងប្អូនស្ត្រីទាំងឡាយម្ចាស់ការលើថវិកា ឆ្ពោះទៅរកការកសាងគ្រួសារឱ្យមានសុភមង្គល សមភាព និងវឌ្ឍនភាពទៀតផង៕
Thuỳ Liên - Duy Phong

Truyền hình



Xem thêm bình luận