ចាប់ពីស្នាមម្ជុល ថ្នេរអំបោះយ៉ាងប៉ិនប្រសប់ រហូតដល់ពណ៌សម្បុរ និងក្បូរក្បាច់រចនាប្រកបដោយលក្ខណៈពិសេស សម្លៀកបំពាក់ប្រពៃណីរបស់ជនរួមជាតិ Khmer បង្កប់នូវរឿងរ៉ាវអំពីវប្បធម៌ ទំនៀមទម្លាប់ និងជីវភាពរស់នៅរបស់សហគមន៍ដែលប្រកបដោយអត្តសញ្ញាណ។ ប៉ុន្តែ តាមសិល្បការិនី Thạch Thị Hồng Nhung សមាគមអក្សរសិល្ប៍-សិល្បៈប្រជាប្រិយខេត្ត Cà Mau ក្នុងចង្វាក់រស់នៅសម័យទំនើប និងដំណើរការសមាហរណកម្មយ៉ាងស៊ីជម្រៅ សម្លៀកបំពាក់ប្រពៃណីកំពុងតែមានការសាបរលាបបន្តិចម្ដងៗក្នុងជីវភាពប្រចាំថ្ងៃ ហេតុដូច្នេះហើយ ចាំបាច់ត្រូវមានដំណោះស្រាយអភិរក្សឱ្យបានទាន់ពេលវេលា។

ភ្ញៀវទេសចរថតរូបជាមួយយុវតី Khmer ក្នុងសម្លៀកបំពាក់ប្រពៃណីនៅវត្តព្រែកជ្រៅ សង្កាត់ Hiệp Thành។
- តើអ្នកស្រីមានការវាយតម្លៃយ៉ាងណាចំពោះហានិភ័យដែលសម្លៀកបំពាក់ប្រពៃណីកំពុងសាបរលាបក្នុងជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិ Khmer នាពេលបច្ចុប្បន្ន?
សិល្បការិនី Thạch Thị Hồng Nhung ៖ ការប្រែប្រួលនៃចំណង់ចំណូលចិត្តសោភ័ណភាព និងការផ្ទុះឡើងនៃបច្ចេកវិទ្យា បានធ្វើឱ្យសម្លៀកបំពាក់ប្រពៃណីប្រឈមមុខនឹងហានិភ័យសាបរលាបទាំងទម្រង់រូបរាងនិងតម្លៃវប្បធម៌។ អ្វីដែលគួរឱ្យបារម្ភមិនត្រឹមតែជាចំនួនមនុស្សស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីជាប្រចាំកាន់តែថយចុះប៉ុណ្ណោះទេ ប៉ុន្តែស៊ីជម្រៅជាងនេះទៅទៀត គឺការផ្អាកដំណើរការបន្តវេនមុខរបរ ការបង្រៀនជំនាញ និងចំណេះដឹងវប្បធម៌រវាងជំនាន់មួយទៅជំនាន់មួយ។
សម្រាប់យុវវ័យជាច្រើន សម្លៀកបំពាក់ជនជាតិគ្រាន់តែលេចធ្លោឡើងក្នុងឱកាសពិធីបុណ្យទាន ឬកម្មវិធីសម្ដែងសិល្បៈប៉ុណ្ណោះ ជំនួសឱ្យការមានវត្តមានដូចជាចំណែកមួយដ៏ធម្មជាតិនៃជីវភាពវប្បធម៌សហគមន៍។ យុវជន Khmer មិនតិចនាក់ទេនាពេលបច្ចុប្បន្ន ដែលមិនទាន់ចេះស្លៀកសំពត់ឱ្យបានត្រឹមត្រូវ និងមិនទាន់ចេះញែកដាច់ពីគ្នារវាងសម្លៀកបំពាក់ប្រើប្រាស់ក្នុងពិធីមង្គលការ ពិធីបុណ្យទាន ឬសម្លៀកបំពាក់ក្នុងពិធីបុណ្យសាសនានៅតាមវត្តជាដើម។ មនុស្សជាច្រើនក៏មិនទាន់យល់ដឹងបានពេញលេញអំពីអត្ថន័យនៃពណ៌នីមួយៗ ឬក៏ក្បូរក្បាច់រចនា និងនិមិត្តរូបវប្បធម៌ដែលបានបង្កប់នៅក្នុងសម្លៀកបំពាក់នីមួយៗនោះដែរ។
នៅពេលដែលអត្ថន័យវប្បធម៌ត្រូវបានបំភ្លេចចោលជាសន្សឹមៗ សម្លៀកបំពាក់ប្រពៃណីងាយនឹងត្រូវបានចាត់ទុកគ្រាន់តែជាផលិតផលម៉ូដសម័យ ដែលបង្កើតឡើងនូវចន្លោះប្រហោងនៃសតិចងចាំសហគមន៍ និងដំណើររក្សាអត្តសញ្ញាណវប្បធម៌ដោយអចេតនាប៉ុណ្ណោះ។

ការប្រឡងបង្ហាញសម្លៀកបំពាក់ប្រពៃណីសម្រាប់សិស្សានុសិស្ស គឺជាសកម្មភាពជាក់ស្ដែង ជួយឱ្យយុវជនជំនាន់ក្រោយលើកកម្ពស់ការយល់ដឹង និងការទទួលខុសត្រូវក្នុងការថែរក្សាវប្បធម៌ជនជាតិផងដែរ។
- តាមអ្នកស្រី តើចាំបាច់ត្រូវមានដំណោះស្រាយអ្វីខ្លះដើម្បីអភិរក្ស និងថែរក្សាភាពរស់រវើកសម្រាប់បេតិកភណ្ឌវប្បធម៌នេះបាទ?
សិល្បការិនី Thạch Thị Hồng Nhung ៖ ជាដំបូង គឺត្រូវដំណើរការអង្កេតស្រាវជ្រាវ ប្រមូលផ្ដុំ ធ្វើស្ថិតិ វាស់វែងគូរ និងកត់ត្រាឱ្យបានពេញលេញនូវម៉ូដសម្លៀកបំពាក់ ក្បូរក្បាច់ ពណ៌សម្បុរ វត្ថុធាតុដើម បច្ចេកទេសខាងតម្បាញ និងរបៀបប្រើប្រាស់សម្លៀកបំពាក់របស់បងប្អូនជនរួមជាតិ Khmer។ ផ្អែកលើមូលដ្ឋាននោះ កសាងកម្រងឯកសារវិទ្យាសាស្ត្រ និងសៀវភៅណែនាំស្តង់ដារបម្រើការស្រាវជ្រាវ ការបង្រៀន ការស្រោចស្រង់ស្ដារឡើងវិញ និងការបណ្ដុះបណ្ដាលបន្តវេនសម្រាប់អ្នកជំនាន់ក្រោយ។
បេតិកភណ្ឌពិតជាមានជីវិតរស់រវើកបាន លុះត្រាតែត្រូវបានអនុវត្តក្នុងជីវភាពប្រចាំថ្ងៃ។ ហេតុដូច្នេះហើយ ចាំបាច់ត្រូវលើកទឹកចិត្តឱ្យប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីក្នុងសកម្មភាពវប្បធម៌សហគមន៍ សាលារៀន ក្លឹបសិល្បៈប្រជាប្រិយ ផ្សារភ្ជាប់នឹងការរៀបចំបង្រៀនបច្ចេកទេសខាងតម្បាញ និងកាត់ដេរ។
ក្នុងនិន្នាការបរិវត្តកម្មឌីជីថលបេតិកភណ្ឌ ចាំបាច់ត្រូវជំរុញការប្រមូលវត្ថុតាងដែលកំពុងរក្សាទុកក្នុងប្រជាជន តាមបណ្តាវត្តអារាម Khmer សារមន្ទីរ ដើម្បីអនុវត្តការធ្វើឌីជីថលរូបនីយកម្ម សំដៅកសាងមូលដ្ឋានទិន្នន័យអេឡិចត្រូនិក បណ្ណាល័យរូបភាព គំរូ 3D អំពីសម្លៀកបំពាក់ប្រពៃណី។ នេះនឹងក្លាយជាប្រភពឯកសារដ៏មានតម្លៃបម្រើការស្រាវជ្រាវ អប់រំ ផ្សព្វផ្សាយវប្បធម៌ និងរក្សាទុកឱ្យបានយូរអង្វែងនូវបណ្ដាតម្លៃដែលមានហានិភ័យសាបរលាប។
ទន្ទឹមនឹងការផ្សព្វផ្សាយ ការអភិរក្សនឹងកាន់តែមានចីរភាពឡើង នៅពេលបេតិកភណ្ឌបានក្លាយជាប្រភពធនធានសម្រាប់ការអភិវឌ្ឍ។ ហេតុដូច្នេះហើយ ត្រូវលើកទឹកចិត្តដល់បណ្ដាសិល្បករ សិប្បការិនី សហករណ៍ មូលដ្ឋានផលិត និងអាជីវកម្មវប្បធម៌ អភិវឌ្ឍបណ្ដាផលិតផលពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី Khmer បង្តើតកម្មវិធីបង្ហាញសំលៀកបំពាក់ លំហពិសោធន៍មុខរបរតម្បាញ ពិធីបុណ្យវប្បធម៌ និងផលិតផលទេសចរណ៍សហគមន៍៕
- សូមអរគុណអ្នកស្រី!
Hữu Thọ

Truyền hình



Xem thêm bình luận