ពេលរសៀលរៀបលិច បណ្តាម្តាយ លោកយាយក្នុងវ័យជរានៅឃុំ Cái Đôi Vàm បានផ្អាកទុកការងារចង្ក្រានជើងឆ្នាំង ដើម្បីស្វែងមករកថ្នាក់រៀនដ៏ពិសេសមួយ។ នៅទីនោះ បាតដៃក្រិនគ្រើមដោយសារកំដៅព្រះអាទិត្យ និងខ្យល់សមុទ្រ កំពុងតែផ្ចិតផ្ចង់សរសេររាល់តួអក្សរ និងតួលេខនីមួយៗយ៉ាងមិនទាន់ស្ទាត់ដៃនៅឡើយ។ ថ្នាក់លុបបំបាត់អក្ខរកម្មនេះ អាស្រ័យសមាគមនារីឃុំ Cái Đôi Vàm សហការជាមួយប៉ុស្តិ៍ការពារព្រំដែន Cái Đôi Vàm រក្សាដំណើរការជាច្រើនឆ្នាំកន្លងមក។
ថ្នាក់រៀនមេត្តាធម៌សម្រាប់មនុស្សវ័យចំណាស់នៅឃុំ Cái Đôi Vàm។
សមាជិកភាគច្រើននៃថ្នាក់រៀននេះ គឺជាស្ត្រីមានវ័យចំណាស់ នៅតាមបណ្តាភូមិក្បែរតំបន់ប៉ុស្តិ៍ការពារព្រំដែន Cái Đôi Vàm។ កាលពីនៅវ័យក្មេង ដោយសារតែសង្គ្រាមមួយផ្នែក ជីវភាពជួបការលំបាក និងជាប់រវល់រ៉ាប់រងគ្រួសារមួយផ្នែកផងនោះ ពួកគាត់បង្ខំចិត្តផ្អាកទុកក្តីស្រមៃចង់ទៅសាលារៀនរៀងៗខ្លួន។
អនុសេនីយ៍ឯក Nguyễn Thành Duy ស្នងការនយោបាយរងនៃប៉ុស្តិ៍ការពារព្រំដែន Cái Đôi Vàm បានឱ្យដឹង៖ «ទម្រង់ថ្នាក់រៀនសម្រាប់មនុស្សវ័យចំណាស់នេះ ត្រូវបានប៉ុស្តិ៍ការពារព្រំដែនសហការជាមួយសមាគមនារីឃុំ ដោយមានអ្នកគ្រូ Đào Thị Thanh An អនុប្រធានសមាគមនារីឃុំជាអ្នកបើកថ្នាក់បង្រៀន។ អ្នកគ្រូក៏ជាគ្រូបង្រៀនផ្ទាល់ម្នាក់ក្នុងចំណោមគ្រូបង្រៀនផងដែរ។ ដំបូងឡើយ ការចលនា និងរក្សាចំនួនមីងពូមករៀនជួបឧបសគ្គជាច្រើន ប៉ុន្តែអាស្រ័យការតស៊ូព្យាយាម មនុស្សជាច្រើនពេលនេះបានចេះអាន ចេះសរសេរ អាស្រ័យហេតុនោះកាន់តែមានទំនុកចិត្តក្នុងជីវភាពរស់នៅរៀងៗខ្លួនផងដែរ»។
លោកយាយ Trần Thị Sen (អាយុ ៧៣ ឆ្នាំ) ប្រកបរបរដើរលក់នំ មនុស្សម្នានៅទីនេះតែងហៅដោយភាពស្និទ្ធស្នាលថាមីងប្រាំ បានប្រញាប់ប្រញាល់លើកថាសនំដែលលក់មិនទាន់អស់រត់ចូលមកក្នុងថ្នាក់រៀន។ នៅលើថាសនំមានទាំងសៀវភៅសរសេរ និងប៊ិចមួយដើមផងដែរ។
«ថ្ងៃនេះនំនៅសល់ច្រើន តែដល់ម៉ោងរៀនហើយទើបខ្ញុំប្រញ៉ាប់រត់មក។ មានថ្ងៃលក់ពេលព្រឹក មិនលក់ពេលរសៀលទេដើម្បីបានទៅរៀនអក្សរ។ កាលដំបូងឃើញថាពិបាកខ្លាំងណាស់ ប៉ុន្តែរៀនតាមថ្នាក់ប៉ុន្មានខែមកនេះ ខ្ញុំចេះអាន សរសេរបានច្រើនហើយក៏មានការត្រេកអរណាស់ដែរ។ ខណៈដែលចេះអក្សរហើយ ធ្វើអ្វីក៏ងាយស្រួលជាងណាស់ដែរ» លោកយាយ Trần Thị Sen បានចែករំលែក។
នៅថ្នាក់រៀនដ៏ពិសេសនេះ ភាគច្រើនជាស្ត្រីសក់ស្កូវ អ្នកដែលក្មេងជាងគេក៏មានអាយុជាង ៥០ ឆ្នាំផងដែរ។ ពេលចែករំលែកអំពីការលំបាកកាលពីខ្លួនមិនទាន់ចេះអក្សរ មនុស្សជាច្រើនរលីងរលោងទឹកភ្នែក ប៉ុន្តែនៅពេលអ្នកគ្រូបង្រៀនមេរៀនថ្មី ម្នាក់ៗសុទ្ធតែផ្ចង់អារម្មណ៍អាន និងសរសេរ ហើយនៅលើផ្ទៃមុខពោរពេញដោយស្នាមញញឹមស្រស់ស្រាយផងដែរ។
កម្មាភិបាល យុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន Cái Đôi Vàm ប្រកៀកស្មាជាមួយថ្នាក់រៀន «គ្មានវ័យ»។
«ចេះអក្សរគឺមានផលប្រយោជន៍ច្រើនណាស់ ដើរតាមផ្លូវឃើញស្លាកយីហោ យើងក៏ដឹងថាគេសរសេរអ្វី ទៅធ្វើលិខិតស្នាមក៏ចេះស៊ីញ៉េ និងសរសេរឈ្មោះ ហៅទូរស័ព្ទ ផ្ញើសារ មើលព័ត៌មាន ឬច្រៀងខារ៉ាអូខេកម្សាន្តជាមួយកូនចៅកាន់តែសប្បាយរីករាយណាស់ដែរ» លោកយាយ Nguyễn Thị Khuyên (អាយុ ៦៨ ឆ្នាំ) សមាជិកានៃថ្នាក់រៀនបានចែករំលែកបែបនេះ។
ដំណាក់កាលដំបូងនៃការបើកថ្នាក់ អ្នកចុះឈ្មោះច្រើន ប៉ុន្តែបានត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ចំនួនសិស្សក្នុងថ្នាក់បានថយចុះ នៅសល់តែប៉ុន្មាននាក់បន្តរៀន ការអៀនខ្មាស អារម្មណ៍អន់ចិត្តព្រោះខ្លួនចាស់ហើយនៅតែទៅរៀនអក្សរចំពោះក្រសែភ្នែកអ្នកជុំវិញ បានធ្វើឱ្យលោកពូ អ្នកមីងកាន់តែមានបំណងចង់បោះបង់ចោលការរៀនរបស់ខ្លួន។
ទោះជាយ៉ាងណាក៏ដោយ អាស្រ័យការប្តេជ្ញាចិត្ត ឱ្យតែនៅសល់សមាជិកម្នាក់ចូលថ្នាក់រៀន អ្នកបង្រៀននៅតែខិតខំបង្រៀនអស់ពីចិត្ត។ អាស្រ័យហេតុនោះ ទឹកចិត្តសកម្ម ស្រឡាញ់ការរៀនសូត្ររបស់សមាជិកាកាន់តែកើនឡើងជាលំដាប់។ មកទល់ពេលនេះ ឆ្លងកាត់ ១២ វគ្គសិក្សា ទម្រង់នេះបានជួយប្រជាជនជាង ១០០ នាក់លុបបំបាត់ការមិនចេះអក្សរ មានទំនុកចិត្តជាងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងការប្រកបរបររកស៊ីផងដែរ។
ថ្នាក់លុបបំបាត់ការមិនចេះអក្សរនៅឃុំ Cái Đôi Vàm គឺជាទម្រង់គំរូនៃកងទ័ពការពារព្រំដែនរួមដំណើរជាមួយស្ត្រីតំបន់ព្រំដែន។ អាស្រ័យហេតុនោះ ក៏បានជួយប្រជាជនតំបន់សមុទ្រលើកកម្ពស់កម្រិតវប្បធម៌ មានទំនុកចិត្តម្ចាស់ការលើជីវិតផ្ទាល់ខ្លួន ព្រមទាំងរឹតចំណងសាមគ្គីភាពរវាងកងទ័ព និងប្រជាជនឱ្យកាន់តែជិតស្និទ្ធ រួមគ្នាកសាងជីវភាពវប្បធម៌នៅតំបន់ជាយដែននៃមាតុភូមិផងដែរ៕
Thanh Hải

Truyền hình



Xem thêm bình luận