សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

បងស្រី Nguyễn Mỹ Nhung ប្រពន្ធលោក Huỳnh Tấn Đạt (ឈរខាងស្តាំបង្អស់) ចែករំលែកសេចក្តីសប្បាយរីករាយអំពីផ្ទះថ្មី ជាមួយលោកស្រី Lê Thị Kim Yến ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Biển Bạch (ទីពីររាប់ពីឆ្វេងមក)។
នៅភូមិ Phước Hoà គ្រួសារលោក Huỳnh Tấn Đạt ទើបតែទទួលបានសេចក្តីសប្បាយរីករាយ នៅពេលផ្ទះថ្មីត្រូវបានសាងសង់រួចរាល់ ជំនួសឱ្យផ្ទះចាស់ប្រក់ស្លឹកដែលទ្រុឌទ្រោម។ ជាកូនរបស់អ្នកចូលរួមសកម្មភាពតស៊ូត្រូវរងគ្រោះជាតិពុលគីមីសាស្ត្រ សុខភាពមិនសូវល្អ ប៉ុន្តែលោកនៅតែខិតខំធ្វើការពលកម្ម ថែទាំប្រពន្ធ និងងកូន ២ នាក់។
ក្រៅពីធ្វើស្រែចម្ការលើផ្ទៃដី ៥ កុង លោក Đạt ថែមទាំងប្រកបរបររត់ម៉ូតូឌុបបន្ថែមទៀតដើម្បីរកប្រាក់ចំណូលបន្ថែម។ ជីវភាពគ្រួសារគ្រាន់តែល្មមផ្គត់ផ្គង់ការចំណាយ ដូច្នេះការសាងសង់ផ្ទះដ៏រឹងមាំមួយគឺស្ទើរតែហួសពីលទ្ធភាពរបស់ខ្លួន។ ដូច្នេះហើយ ផ្ទះថ្មីមិនត្រឹមតែជួយឱ្យក្រុមគ្រួសារមានទីលំនៅឋានលំនឹងប៉ុណ្ណោះទេ ថែមទាំងបើកចេញនូវទឹកចិត្តថ្មី ជួយឱ្យលោក Đạt កក់ក្តៅចិត្តក្នុងការប្រកបរបររកស៊ី និងឈានឡើងកែលម្អជីវភាពជាសន្សឹមៗទៀតផង។
លោក Đạt បានចែករំលែកថា៖ «រដ្ឋឧបត្ថម្ភខ្ញុំសង់ផ្ទះមួយខ្នងដើម្បីលំនឹងជីវភាព ធ្វើឱ្យខ្ញុំកាន់តែមានកម្លាំងចិត្តបន្ថែមទៀតដើម្បីខិតខំប្រឹងប្រែងឈានឡើង។ ប្តីប្រពន្ធខ្ញុំនឹងខិតខំពង្រីកការផលិត ដាំបន្លែ ចិញ្ចឹមត្រីបន្ថែម ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ»។
យោងតាមគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Biển Bạch ទូទាំងឃុំបច្ចុប្បន្នមានជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿង dioxin ចំនួន ១៧០ នាក់ ក្នុងនោះមាន ៩៣ នាក់ ជាកូនបង្កើតរបស់អ្នកចូលរួមសកម្មភាពតស៊ូដែលរងគ្រោះជាមួយជាតិគីមីពុល។ ក្នុងឆ្នាំ ២០២៦ ខេត្ត Cà Mau បានផ្សព្វផ្សាយអនុវត្តការឧបត្ថម្ភសាងសង់ និងជួសជុលផ្ទះចំនួន ១.០៦៩ ខ្នង សម្រាប់មុខសញ្ញាជួបការលំបាកខាងលំនៅឋាន។ ដោយឡែក ឃុំ Biển Bạch ទទួលបានការបែងចែក ៣២ ខ្នង ក្នុងនោះមាន ១៥ ខ្នង សម្រាប់កូនបង្កើតរបស់អ្នកចូលរួមសកម្មភាពតស៊ូដែលរងគ្រោះជាតិគីមីពុល រួមមានសាងសង់ថ្មី ១៣ ខ្នង និងជួសជុល ២ ខ្នង។

តំណាងថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Biển Bạch រួមជាមួយកម្មាភិបាលភូមិ អញ្ជើញទៅសួរសុខទុក្ខ និងរួមសេចក្តីសប្បាយរីករាយជាមួយគ្រួសារលោក Huỳnh Hồng Tơ (ឈរខាងស្តាំបង្អស់) ក្នុងផ្ទះថ្មី។
លោកស្រី Lê Thị Kim Yến ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Biển Bạch បានឱ្យដឹងថា៖ «ក្រៅពីចលនាបណ្តាសប្បុរសជនក្នុងនិងក្រៅខេត្តជួយឧបត្ថម្ភផ្ទះ ប្រាក់ទុន ពូជដំណាំ និងពូជសត្វចិញ្ចឹម គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ ថែមទាំងចលនាឧបត្ថម្ភថវិកាលើកទឹកចិត្តការសិក្សាដល់កូនចៅរបស់គ្រួសារជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿង dioxin ដើម្បីឱ្យប្អូនៗមានលក្ខណៈគ្រប់គ្រាន់ក្នុងការទៅសាលា មិនទុកឱ្យប្អូនណាម្នាក់ត្រូវបោះបង់ការសិក្សាដោយសារស្ថានភាពគ្រួសារជួបការលំបាកឡើយ»។
ដោយមានការយកចិត្តទុកដាក់ពីរដ្ឋ ការរួមដំណើរពីគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ និងការរួមដៃពីសហគមន៍ ជីវភាពរស់នៅរបស់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿង dioxin នៅលើភូមិសាស្ត្រឃុំ Biển Bạch ត្រូវបានយកចិត្តទុកដាក់ និងជួយឧបត្ថម្ភគ្រប់ជ្រុងជ្រោយកាន់តែប្រសើរឡើង។ រាល់សកម្មភាពជាក់ស្តែងស្តីពីលំនៅឋាន មុខរបរចិញ្ចឹមជីវិត ការសិក្សា និងជីវភាពរស់នៅ បានរួមចំណែកផ្តល់បន្ថែមនូវកម្លាំងចិត្ត ជួយឱ្យបណ្តាគ្រួសារជម្នះការលំបាក លំនឹងជីវភាពរសៀនៅ៕
Tú Quyên - Trường Giang

Truyền hình



Xem thêm bình luận