ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

គណៈប្រតិភូបញ្ជាការដ្ឋានយោធាការពារព្រំដែនខេត្ត ត្រួតពិនិត្យការងារថែរក្សាសព្វាវុធ និងឧបករលើនាវា BP ១៩-១១-០២ (កងនាវាចរណ៍ជើងទឹកការពារព្រំដែនលេខ ១)។
បណ្តាអង្គភាពការពារព្រំដែន បានយកចិត្តទុកដាក់អនុវត្តជាក់ស្តែងការដោះស្រាយសភាពការណ៍ផ្សេងៗ ដូចជា៖ អគ្គិភ័យ លិចនាវា ឧបទ្ទវហេតុបច្ចេកទេស ការពារដែនអាកាស បង្ការទប់ទល់គ្រាប់មីនបាតទឹក និងបណ្តាសភាពការណ៍មិនប្រក្រតីផ្សេងៗក្នុងដំណើរចល័តទ័ព បំពេញភារកិច្ចលើផ្ទៃសមុទ្រ ព្រមទាំងត្រួតពិនិត្យ បំពេញបន្ថែមនូវគ្រឿងបរិក្ខារ សម្ភារៈ ឧបករណ៍ធានាសុវត្ថិភាព និងរក្សាលក្ខណៈបច្ចេកទេសនៃមធ្យោបាយឱ្យបានល្អ។
ក្នុងនោះ នៅកងនាវាចរណ៍ជើងទឹកការពារព្រំដែនលេខ ១ (ចំណុះបញ្ជាការដ្ឋានយោធាការពារព្រំដែនខេត្ត Cà Mau) សកម្មភាពបំប៉ន ហ្វឹកហាត់ជំនាញវិជ្ជាជីវៈឯកទេសនាវា ទូក កប៉ាល់ជាច្រើន ត្រូវបានចាត់តាំងឡើងជូនដល់ជួរនាយនាវា បុគ្គលិកនាវា និងកម្មាភិបាលបំពេញភារកិច្ចនៅតាមបណ្តាប៉ុស្តិ៍ត្រួតពិនិត្យការពារព្រំដែន។ ការផ្តោតសំខាន់គឺលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការ គ្រប់គ្រងនាវា និងដោះស្រាយដោយបត់បែននូវរាល់សភាពការណ៍កើតឡើងក្នុងដំណើរការបំពេញភារកិច្ច។

បណ្តាទម្រង់ឧបទេសបម្រើការហ្វឹកហាត់ការងារនាវា ទូក កប៉ាល់នៅកងនាវាចរណ៍ជើងទឹកការពារព្រំដែនលេខ ១។
តាំងពីដើមឆ្នាំមកទល់ពេលនេះ កម្លាំងការពារព្រំដែនបានចល័តមធ្យោបាយចំនួន ៣ គ្រឿង ចូលទៅកៀកជិត និងជួយសង្គ្រោះបឋមទាន់ពេលវេលាជូនដល់សមាជិកនាវិកចំនួន ៣ នាក់ ដែលកើតជំងឺស្ទះសរសៃឈាមបេះដូងពេលកំពុងប្រតិបត្តិការលើផ្ទៃសមុទ្រ រួចនាំចូលមកដីគោកដើម្បីព្យាបាល។ កម្មាភិបាល យុទ្ធជនរាប់រយនាក់ ក៏ត្រូវបានចល័តចូលរួមជំនះពុះពារផលវិបាកបង្កឡើងដោយគ្រោះធម្មជាតិ និងអគ្គិភ័យផងដែរ។
លោកវរសេនីយ៍ឯក Lê Đình Sơn មេបញ្ជាការរង នាយសេនាធិការនៃបញ្ជាការដ្ឋានយោធាការពារព្រំដែនខេត្ត បានឱ្យដឹង៖ ការលើកកម្ពស់កម្រិតជំនាញវិជ្ជាជីវៈ រក្សាបានល្អនូវស្ថានភាពខាងបច្ចេកទេស និងសមត្ថភាពដោះស្រាយសភាពការណ៍របស់នាវា ទូក កប៉ាល់ ក៏បានជួយពង្រឹងភាពចល័ត រួមទាំងលទ្ធភាពត្រៀមខ្លួនបំពេញភារកិច្ចរបស់កងកម្លាំង។ អាស្រ័យហេតុនោះ យោធាការពារព្រំដែនខេត្តតែងម្ចាស់ការឆ្លើយតបនឹងសភាពការណ៍លើផ្ទៃសមុទ្រ ជាពិសេសគឺក្នុងរដូវភ្លៀងព្យុះ ចូលរួមជួយសង្គ្រោះទាន់ពេលវេលា ការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជានេសាទផងដែរ៕
Kim Cương - Hoàng Tá

Truyền hình



Xem thêm bình luận