កុមារអាចជួបប្រទះនឹងស្ថានភាពមិនមានសុវត្ថិភាពនៅគ្រប់ទីកន្លែង ស្របពេលដែលមិនមែនគ្រប់ពេលវេលាសុទ្ធតែមានមនុស្សចាស់នៅក្បែរនោះឡើយ។ អាស្រ័យហេតុនេះ ក្នុងពេលកន្លងមក សមាគមសហព័ន្ធនារីខេត្ត Cà Mau តែងយកចិត្តទុកដាក់ណែនាំកុមារឱ្យចេះសម្គាល់គ្រោះថ្នាក់ផ្សេងៗ ព្រមទាំងវិធីបង្ការទប់ស្កាត់ និងស្វែងរកមនុស្សចាស់គួរជាទីទុកចិត្តនៅពេលចាំបាច់។
សិស្សានុសិស្សសាលាបឋមសិក្សា Nguyễn Văn Huyên សាខានៃសាលាបឋមសិក្សា Phan Thanh Giản ចូលរួមល្បែងកម្សាន្តសម្គាល់ផ្នែកកំបាំងលើរាងកាយ។
នៅឃុំ Ninh Thạnh Lợi ដែលជាភូមិសាស្ត្រមួយក្នុងចំណោមភូមិសាស្ត្រទាំងឡាយដែលមានបងប្អូនជនជាតិភាគតិចរស់នៅកុះករ សមាគមសហព័ន្ធនារីខេត្ត ទើបតែបានសហការចាត់តាំងកម្មវិធីផ្សព្វផ្សាយ «ចូរចេះការពារខ្លួនឯង» ជូនដល់ប្អូនៗសិស្សានុសិស្សជាង ៤០០ នាក់នៃសាលាបឋមសិក្សា Nguyễn Văn Huyên សាខានៃសាលាបឋមសិក្សា Phan Thanh Giản។
ក្នុងកម្មវិធីនេះដែរ ប្អូនៗត្រូវបានណែនាំអំពីវិធីបង្ការការរំលោភបំពាន ការលង់ទឹក និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងចេះសម្គាល់ទីកន្លែង និងស្ថានភាពដែលអាចបាត់បង់សុវត្ថិភាពក្នុងជីវភាពប្រចាំថ្ងៃ។ បណ្តាមេរៀននីមួយៗត្រូវបានបញ្ជ្រាបតាមរយៈសំណួរ ល្បែងកម្សាន្ត និងស្ថានភាពស្និទ្ធស្នាលជាក់ស្ដែង ដែលជួយឱ្យប្អូនៗយល់បានថា នៅពេលមានអារម្មណ៍ថាមិនមានសុវត្ថិភាព ត្រូវរក្សាភាពស្ងប់ចិត្ត គេចឱ្យឆ្ងាយពីគ្រោះថ្នាក់ និងស្វែងរកមនុស្សចាស់គួរជាទីទុកចិត្តដើម្បីសុំជំនួយ។
ប្អូន Nguyễn Thị Út Cưng សិស្សថ្នាក់ទី ៤ បានឱ្យដឹង៖ «គ្រប់អ្វីៗដែលមីងៗបានណែនាំ បានជួយឱ្យខ្ញុំយល់ដឹងបន្ថែមអំពីវិធីរក្សាសុវត្ថិភាពនៅពេលចូលរួមចរាចរណ៍ និងការឆ្លើយតបពេលជួបគ្រោះធម្មជាតិ។ ខ្ញុំនឹងចងចាំ ហើយរំលឹកមិត្តភក្តិឱ្យរួមគ្នាអនុវត្ត»។
វគ្គផ្សព្វផ្សាយទាំងនេះ មិនត្រឹមតែជួយឱ្យកុមារមានចំណេះដឹងបន្ថែមប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសឱ្យប្អូនៗក្លាហានផ្លាស់ប្តូរយោបល់ លើកឡើងនូវសំណួរ និងចែករំលែកនូវអ្វីដែលខ្លួនចាប់អារម្មណ៍ទៀតផង។ ចំពោះអាណាព្យាបាលសិស្ស នេះក៏ជាឱកាសដើម្បីយល់កាន់តែច្បាស់អំពីអ្វីដែលកុមារត្រូវការការណែនាំ អាស្រ័យហេតុនោះ ក្រុមគ្រួសាររួមគ្នាដាស់តឿន និងរួមដំណើរជាមួយកូនៗក្នុងជីវភាពប្រចាំថ្ងៃ។
បង Võ Văn Trung អាណាព្យាបាលសិស្សសាលាបឋមសិក្សា Nguyễn Văn Huyên ឃុំ Ninh Thạnh Lợi បានឱ្យដឹង៖ «នេះជាលើកដំបូងដែលកូនខ្ញុំបានចូលរួមកម្មវិធី "ចូរចេះការពារខ្លួនឯង"។ ខ្ញុំឃើញថាសកម្មភាពនេះពិតជាមានប្រយោជន៍ជាក់ស្ដែងណាស់ ហើយសង្ឃឹមថានឹងមានសកម្មភាពបែបនេះបន្ថែមទៀត ដើម្បីឱ្យក្មេងៗបានរៀនសូត្រនូវរឿងរ៉ាវមានប្រយោជន៍ជាច្រើនក្នុងជីវិតរស់នៅ»។
កម្មាភិបាលសមាគមសហព័ន្ធនារីខេត្ត Cà Mau ណែនាំប្អូនៗសិស្សានុសិស្សសម្គាល់ពីស្ថានភាពគ្រោះថ្នាក់ និងវិធីការពារខ្លួនឯង។
លោកស្រី Nguyễn Thị Ngọc Thuý អនុប្រធានសមាគមសហព័ន្ធនារីខេត្ត Cà Mau ឱ្យដឹងថា៖ «ចុងខែកញ្ញាកន្លងទៅ សមាគមបានចាត់តាំងសកម្មភាពផ្សព្វផ្សាយចំនួន ២ លើកស្ដីពី "ចូរចេះការពារខ្លួនឯង" នៅតាមសាលាបឋមសិក្សានានាក្នុងឃុំ Tân Ân និង Ninh Thạnh Lợi ដោយទាក់ទាញសិស្សបឋមសិក្សាជាង ៦០០ នាក់ចូលរួម។ យើងខ្ញុំយកចិត្តទុកដាក់ចំពោះវិធីផ្សព្វផ្សាយសមស្របតាមវ័យ តាមរយៈរឿងរ៉ាវ ល្បែងកម្សាន្ត និងស្ថានភាពស្និទ្ធស្នាល ដើម្បីឱ្យប្អូនៗងាយយល់ ងាយចាំ។ ពេលខាងមុខ សមាគមនឹងបន្តចាត់តាំងសកម្មភាពនានានៅតាមភូមិភាគ ជាពិសេសនៅតាមតំបន់ដែលជួបការលំបាក តំបន់ជនជាតិភាគតិច ដើម្បីជួយឱ្យកុមារទទួលបាននូវមេរៀនមានប្រយោជន៍ និងរបៀបដោះស្រាយសមស្របនៅពេលជួបប្រទះស្ថានភាពមិនមានសុវត្ថិភាព»។
ការបំពាក់បំប៉នឱ្យកុមារនូវសមត្ថភាពសម្គាល់ពីគ្រោះថ្នាក់ ចេះនិយាយពាក្យថា «ទេ» គេចឱ្យឆ្ងាយ និងស្វែងរកជំនួយ គឺជាជំនាញចាំបាច់ដែលត្រូវបណ្ដុះបណ្ដាលតាំងពីតូច។ ផ្តើមចេញពីសកម្មភាពជាក់ស្ដែងនៅភូមិភាគ សមាគមសហព័ន្ធនារីខេត្ត Cà Mau កំពុងរួមចំណែកជួយឱ្យកុមារ ជាពិសេសកុមារនៅតំបន់លំបាក តំបន់ជនជាតិភាគតិច កាន់តែម្ចាស់ការក្នុងការការពារខ្លួនឯង និងកាន់តែមានភាពជឿជាក់ពេលឈានចូលជីវិតក្នុងសង្គម។
Thiên Diệp

Truyền hình



Xem thêm bình luận