ពីការធ្វើដំណើរតាមកាណូតយ៉ាងលំបាកវេទនាដើម្បីដឹកជញ្ជូនកសិផលតាមព្រែកជីកកាលពីប៉ុន្មានឆ្នាំមុនៗ ឥឡូវនេះតំបន់ជនបទជាច្រើន ដូចជា៖ ភូមិលេ១៣ ឃុំខាញ់ឡឹម, ភូមិសាប៉ូ ឃុំដឹកមើយ។ល។ មាន និងកំពុងជិតមានផ្លូវបេតុងធំទូលាយ រាបស្មើដែរហើយ។ ដែលដងផ្លូវមានទំហំធំទូលាយ មិនត្រឹមតែធ្វើឱ្យមុខមាត់ជនបទផ្លាស់ប្តូរថ្មីប៉ុណ្ណោះទេ ថែមទាំងបើកឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ច រួចចាកផុតពីភាពក្រីក្រប្រកបដោយចីរភាពសម្រាប់គ្រួសារជាច្រើនទៀតផង ពិសេសគ្រួសារជនរួមជាតិភាគតិច។
ផ្លូវគមនាគមន៍ថ្មីជួយផ្លាស់ប្តូរមុខមាត់ជនបទឃុំខាញ់ឡឹម និងបង្កលក្ខណៈងាយស្រួលជូនប្រជាជនធ្វើពាណិជ្ជកម្ម អភិវឌ្ឍន៍សេដ្ឋកិច្ច។
ធ្លាប់ជាគ្រួសារក្រកាលពីមុន គ្រួសារលោក ហ្វិញកុងខាង (ជនជាតិខ្មែរ រស់នៅភូមិលេខ១៣ ឃុំខាញ់ឡឹម ត្រូវបានរដ្ឋជំនួយឧបត្ថម្ភដីព្រៃដើម្បីផលិត និងតាំងទីលំនៅ។ ជាច្រើនឆ្នាំកន្លងមក ជីវភាពរស់នៅជាប្រចាំរបស់គ្រួសារលោក និងបងប្អូនជិតខាងគឺពឹងផ្អែកតែលើការដាំស្មាច់, ដាំចេក និងផលិតស្រូវ។ ប៉ុន្តែ ការលំបាកខ្លាំងបំផុតគឺខ្វះផ្លូវគោក។ ការធ្វើដំណើរ ឬដឹកជញ្ជូនកសិផលយកទៅលក់សុទ្ធតែតាមផ្លូវទឹក ប្រការនេះបណ្តោយឱ្យមានការជួបលំបាកផងនឹងខាតបង់ចំណាយទៀតផង។
អ្វីៗគ្រប់យ៉ាងបានប្រែប្រួលខណៈដែលផ្លូវបេតុងទទឹង ៣ ម៉ែត្រ ត្រូវបានរដ្ឋអំណាចភូមិភាគវិនិយោគ កសាងនៅកាត់មុខផ្ទះរបស់លោក ខាង។ «មានផ្លូវធ្វើដំណើរប្រកបដោយភាពងាយស្រួល ពាណិជ្ជករបើកឡានចូលដល់ទីកន្លែងដើម្បីប្រមូលទិញផ្ទាល់ កសិផលលក់ចេញដោយតម្លៃខ្ពស់ជាង ប្រជាជនក៏បំបាត់បានការព្រួយបារម្ភពីការភ័យខ្លាចលក់មិនដាច់ក្រោយពេលប្រមូលផល»។
ការលក់កសិផលមានភាពរលូន និងចំណាយលើការដឹកជញ្ជូនថយចុះ ជាកម្លាំងចលករដ៏ធំដើម្បីឱ្យគ្រួសារធ្លាប់តែលំបាកដូចលោក ខាង សុខសាន្តចិត្តក្នុងការផលិត និងគិតគូរពីរឿងរកស៊ីរយៈពេលដ៏យូរអង្វែងផងដែរ។
នៅភូមិសាប៉ូ ឃុំដឹកមើយ រឿងធ្វើផ្លូវក៏កំពុងតែជាក្តីសប្បាយរីករាយរួមរបស់ប្រជាជនផងដែរ។ គ្រួសារលោក ត្រឹនក្វុកវៀត មានផ្ទៃដីជាង ២ កុងដាំដំណាំរួមផ្សំនៅតាមក្បែរដងផ្លូវ និងជុំវិញផ្ទះ។ កាលណាភូមិភាគចលនាធ្វើផ្លូវដីខ្មៅ និងសាងសង់លូដើម្បីត្រៀមធ្វើផ្លូវបេតុងទទឹង ៣ ម៉ែត្រ លោក វៀត ត្រៀមជាស្រេចសម្រាប់ការបរិច្ចាគដីដោយស្ម័គ្រចិត្ត ព្រមទទួលយកការបង្រួមទំហំដីដំណាំរួមផ្សំមួយផ្នែក ដើម្បីឱ្យសាងផ្លូវដំណើរការបានស្រួល។
លោក ត្រឹនក្វុកវៀត (ស្តាំបង្អស់) ស្ម័គ្រចិត្តបរិច្ចាគផ្ទៃដីដម្រាប់ធ្វើផ្លូវ រួមចំណែកបំពេញបន្ថែមហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ភូមិប៉ូ។
ឃើញផ្លូវថ្មីកំពុងលេចរូបរាងជាបណ្តើរៗ លោក វៀត មានទឹកមុខរីករាយរំភើបនិយាយថា៖ «ពេលផ្លូវត្រូវបានសាងរួចរាល់ហើយ គឺឡានអាចចូលដល់ទីកន្លែងផ្ទាល់ ហើយការដឹកជញ្ជូនបន្លែបង្ការ ក្តាម បង្គារបស់គ្រួសារខ្ញុំ និងបងប្អូនដទៃទៀតក៏មានភាពងាយស្រួលជាងមុនណាស់ដែរ ព្រមទាំងកាត់បន្ថយការផ្សារភ្ជាប់ និងពឹងផ្អែកលើមធ្យោបាយផ្លូវទឹកតែម៉្យាង»។
លោក ង្វៀនភឿងដុង លេខាគណៈកម្មាធិការបក្សឃុំដឹកមើយ បានឱ្យដឹង៖ ដោយកំណត់ការអភិវឌ្ឍន៍គមនាគមន៍ជនបទជាភារកិច្ចដ៏សំខាន់ក្នុងគោលបំណងជំរុញផលិតកម្ម ពាណិជ្ជកម្ម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ក្នុងនោះមានទាំងបងប្អូនជនរួមជាតិផងដែរ ហេតុនេះហើយ ឃុំតែងខិតខំប្រឹងប្រែងយ៉ាងខ្លាំងចំពោះការងារនេះ។ ក្នុងឆ្នាំ២០២៦ មូលដ្ឋានវិនិយោគកសាងចំនួន ១៩ ខ្សែ ដោយមានប្រវែងសរុបជិត ៣៨.០០០ ម៉ែត្រ។ ក្នុងនោះមានផ្លូវទទឹង ២ ម៉ែត្រ ចំនួន ១៣ ខ្សែ ប្រវែង ២២.៩៧៧ ម៉ែត្រ និងផ្លូវទទឹង ៣ ម៉ែត្រ ចំនួន ៦ ខ្សែ ប្រវែង ១៤.៩៤៥ ម៉ែត្រ។ មកទល់ពេលនេះ ក៏បានកសាងរួច១០.៥៤១ ម៉ែត្រនៃដងផ្លូវបេតុង ចំណែកផ្នែកដែលនៅសល់កំពុងបន្តអនុវត្ត ដោយខិតខំប្រឹងប្រែងឱ្យសម្រេចជាស្ថាពរក្នុងឆ្នាំនេះ៕
អត្ថបទនិងរូប៖ ង្វៀនដាវ - ជីធឹក

Truyền hình



Xem thêm bình luận